ថៃបិទព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ

0
102

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនិងទង្វើរបស់ភាគីថៃ ដែលតែងតែភ្គើនសំដីមកដល់កម្ពុជា ម្តងហើយៗទៀតរកណីរឿងបិទច្រកព្រំដែន។

ក្នុងន័យនេះ​សម្តេចតេជោ បានមានប្រសាសន៍ថា តាមពិតសម្តេច មិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

ប៉ុន្តែអ្វីដែលសម្តេចចង់និយាយ គឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះ មានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។

សម្តេចតេជោ បន្តថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។

សម្តេចតេជោបញ្ជាក់ដោយសង្កត់ធ្ងន់ថា ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។

ក្នុងនោះសម្តេចតេជោថា សម្តេចគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ សម្តេចថា ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួម ម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។

សម្តេចបន្ថែមថា សម្រាប់សំណូមពរជប៉ុន ដែលវិនិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ក្នុងនោះ សម្តេចតេជោ សូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ សម្តេចបញ្ជាក់យ៉ាងខ្លីថា យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕