លោក អ៊ុក កោសា ខ្ចីលុយ១លានដុល្លា មិនសងហើយ ត្រូវម្ចាស់បំណុលប្រាប់ថា​ គំរាមលោកស្រីទៀត

0
1877

ភ្នំពេញ​៖ លោកផ្កាយ៣​ អ៊ុក កោសា ដែលជាកូនបំណុលខ្ចីលុយ១លានដុល្លា ពីលោកស្រី លឹម ហ៊ុយហ្គេច តាំងពីឆ្នាំ២០២១នោះ ពេលនេះប្រាក់ដើមក៏បាត់​ ការប្រាក់ក៏មិនបង់​ ប្លង់ក៏មិនលស់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងគំរាមម្ចាស់បំណុលទៀត។ នេះគឺជាការបញ្ជាក់ប្រាប់អោយដឹង ពីសំណាក់លោកស្រី លឹម ហ៊ុយហ្គេច។

លោកស្រី លឹម ហ៊ុយហ្គេច បន្តទៀតថា ក្រោយការគំរាម លោក ផ្កាយ៣ អ៊ុក កោសា លែងតបឆ្លើយសារ ឬ លើកទូរស័ព្ទពេលលោកស្រីធ្វើការខលចូល ដែលផ្ទុយពីស្មារតីលិខិតមេធាវីរបស់លោក ដែលបានជូនដំណឹង មកអង្គភាពសារព័ត៌មាន TN TV កាលពីថ្ងៃទី០៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានលើកឡើងថា៖ «លោក​ អ៊ុក កោសា លោកស្រី ជៀម លីណា និងលោក តាំង សុជាតិ នៅតែមានឆន្ទៈ ក្នុងការទូទាត់សងប្រាក់ដែលបានជំពាក់ ដោយជាក់ស្តែងកម្ចីនេះ ក៏ដូចជាកម្ចីនៅធនាគារផងដែរ ដែលមានការដាក់ទ្រព្យធានាតម្កល់ត្រឹមត្រូវតាមផ្លូវច្បាប់»។ ក្នុងលិខិតនោះ ក៏បានបញ្ជាក់ដែរថា «លោក អ៊ុក កោសា និងលោកស្រី ជៀម លីណា ជាភរិយា ជាអ្នកដាក់ទ្រព្យធានាទៅឱ្យលោក តាំង សុជាតិ ដែលជាមិត្តភក្តិទៅខ្ចីលុយ ធ្វើឡើងជាកិច្ចសន្យាខ្ចីប្រាក់នេះ»

ត្រង់ចំណុចនេះហើយ បានកើតឡើងនៃការគំរាមពីសំណាក់លោកផ្កាយ៣ អ៊ុក កោសា ដូចអ្វីណាដែលលោកស្រី លឹម ហ៊ុយហ្គេច បានបង្ហាញជូនខាងលើ តាមរយៈសារជាសម្លេងមកលោកស្រីដែលជាស្រ្តីទន់ខ្សោយ និងជាម្ចាស់បំណុលកាលពីពេលកន្លងមកនេះថា «លោកស្រី លឹម ហ៊ុយហ្គេច ចង់ធ្វើអ្វីក៏ធ្វើទៅ តែកុំភ្លេចថា អ្នកបង្កើតគំរោងយកប្លង់របស់លោកទៅដាក់ គឺទៅរកស៊ី និងចោទថាលោកស្រី លឹម ហ៊ុយហ្គេច ក៏រកស៊ីជាមួយដែរ ហើយកុំធ្វើអ្វីផ្តេសផ្តាសដែលរូបលោកប្តឹងវិញបាន»។ លោកផ្កាយ៣​​​ អ៊ុក កោសារ បន្តក្នុងសារជាសំលេងនោះទៀតថា «លោកខំបរិច្ចាកប្លង់របស់លោកអស់ប៉ុណ្ណឹងហើយ ហើយត្រូវគិតថា លោកក៏មានមេធាវី និងចំណុចដែលត្រូវប្តឹងទាំងលោកស្រី លឹម ហ៊ុយហ្គេច និងលោក តាំង សុជាតិ»

លោក​ តាំង​ សុជាតិ (ឆ្វេង)​ លោក អ៊ុក កោសា (កណ្តាល) និងលោកស្រី ជៀម លីណា (ស្តាំ)

ឆ្លៀតត្រង់ចំណុចនេះ អ្នកដែលដឹងរឿងលោក អ៊ុក កោសា ខ្ចីលុយលោកស្រី លឹម ហ៊ុយហ្គេច ១លានដុល្លា ប្រាក់ដើមក៏បាត់ ការប្រាក់ក៏មិនបង់ ប្លង់ក៏មិនព្រមលស់នេះ ហាក់ហួសចិត្តថា លោក​​ អ៊ុក កោសា មានឋានៈដល់ទៅផ្កាយ៣​ ពាក់លើស្មា បែរជាខ្ចីលុយស្រ្តីទន់ខ្សោយដល់ទៅ១លានដុល្លា ដឹកទាំងគ្រួសារ និងមិត្តភក្តិ យកប្លង់ដីមកដាក់បានប្រាក់ក្នុងដៃហើយ លុះដល់កិច្ចសន្យាប្រមូលលុយទាំងដើម ទាំងការ បែរជាស្ងាត់បាត់ឈឹង។ មិនត្រឹមតែប៉ុណ្ណឹង ក្រោយលោកស្រី លឹម ហ៊ុយហ្គេច ព្យាយាមទាក់ទងដើម្បីដោះស្រាយបំណុល ស្រាប់តែផ្ញើសារមកគំរាមប្តឹងម្ចាស់បំណុលថែមទៀត តើឯណាដែលបង្ហាញពីការនៅតែមានឆន្ទៈ ក្នុងការទូទាត់សងប្រាក់ដែលបានជំពាក់នោះ?។

នៅតែមានឆន្ទៈ ក្នុងការទូទាត់សងប្រាក់ដែលបានជំពាក់ របស់លោក អ៊ុក កោសា ដែលសំអាងតាមរយៈលិខិតជូនដំណឹងរបស់មេធាវី កាលពីថ្ងៃទី០៨​​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មកអង្គភាពសារព័ត៌មាន TN TV ត្រូវបានលោកស្រី លឹម ហ៊ុយហ្គេច  ក្នុងនាមម្ចាស់បំណុល តាមរយៈសារអេឡិចត្រូនិច ក៏បានស្នើដោយត្រង់ អោយលោក​ អ៊ុក កោសា «ជួយកំណត់ពេលវេលាឱ្យបានច្បាស់លាស់ និងជាក់លាក់ណាមួយ ដើម្បីបង្ហាញពីការគោរពនូវកាតព្វកិច្ច និង ឆន្ទៈ ក្នុងការដោះស្រាយបំណុល»

តែអ្វីណាទាំងនេះ មិនត្រូវបានលោក អ៊ុក កោសា ឆ្លើយតបឡើយ រហូតដល់លោកស្រី ផ្ញើសារជាថ្មី ស្តីពីការ ជួយស្វែងរកដៃគូដែលជាក្រុមហ៊ុនចងការប្រាក់ផ្សេងទៀត សម្រាប់ដោះស្រាយករណីរបស់លោក។ ដោយនៅក្នុងនោះលោកស្រី លឹម ហ៊ុយហ្គេច បានលើកឡើងថា៖ «មានក្រុមហ៊ុនមួយ ដែលបានឯកភាពទៅតាមលក្ខណ្ឌ ហើយបានសម្រេចយល់ព្រមធ្វើកិច្ចសន្យាផ្តល់ប្រាក់កម្ចីទៅអោយលោក អ៊ុក កោសា ប៉ុន្តែរហូតមកដល់ថ្ងៃណាត់ជួប នៅទីតាំងក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ដែលមានតំណាងរបស់លោកចូលរួមពិនិត្យ លើកិច្ចសន្យាផ្តល់ប្រាក់កម្ចី ដោយអមជាមួយ មេធាវីក្រុមហ៊ុន និងម្ចាស់បំណុលផង រងចាំវត្តមានលោក អ៊ុក កោសា មកចូលរួមផ្តិតមេដៃ។ ប៉ុន្តែការរងចាំនោះ លោក អ៊ុក កោសា មិនបានបង្ហាញវត្តមាន ពីការចូលរួមរបស់ខ្លួន នៅការិយាល័យក្រុមហ៊ុនឡើយ»។ លោកស្រី លឹម ហ៊ុយហ្គេច បន្ថែមទៀតថា «ដោយផ្អែកលើស្ថានភាពបែបនេះ បានធ្វើឱ្យលោកស្រី ដែលជាម្ចាស់បំណុល មានការខកចិត្តចំពោះលោក អ៊ុក កោសា ដែលបានបង្ហាញឆន្ទៈមិនច្បាស់លាស់ណាមួយ ចូលរួមក្នុងការដោះស្រាយបំណុល»។​

ហេតុនេះហើយ ជាជម្រើសចុងក្រោយ លោកស្រី លឹម ហ៊ុយហ្គេច ថា ដោយមិនអាចទ្រាំលំបាក ក្នុងការរត់ការប្រាក់លោក អ៊ុក កោសា បន្តទៀតបាន លោកស្រី ក៏បានធ្វើការពឹងពាក់ មកបណ្តាញសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយ បង្ហាញការពិត លើឯកសារ និង លិខិតស្នាមដែលជាភស្តុតាងមានគ្រប់ចំនួន អោយលោក អ៊ុក កោសា ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ ព្រោះលោកស្រី​ ជាស្រ្តីទន់ខ្សោយ រកស៊ីបានប្រាក់ខ្លះដើម្បីជាចំណូលគ្រួសារប៉ុណ្ណោះ តែមិននឹកស្មានថា លោក អ៊ុក កោសា ខ្ចីប្រាក់មិនសងបែបនេះទេ ក្នុងខណៈលោកស្រីជាម្ចាស់បំណុល ក៏ខំប្រឹងជួយស្វែងរកក្រុមហ៊ុនទទួលបញ្ចាំបង្វិលប្លង់ ដើម្បីយកប្រាក់មកទូទាត់បញ្ចប់អោយលោកស្រី តែអ្វីៗលោក​ អ៊ុក កោសា មិនគោរពកិច្ចសន្យា ឬ សម្តីរបស់ខ្លួន ដែលហាក់មិនសមនិងកិត្តិយសបុណ្យស័ក្តិរបស់លោកទាល់តែសោះ។

លុះព័ត៌មានត្រូវបានផ្សព្វផ្សាយ នូវអ្វីដែលរូបលោក មិនគោរពកិច្ចសន្យាខ្ចីបរិភោគ ឬ កិច្ចសន្យាខ្ចីការប្រាក់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្រាប់តែលោក អ៊ុក កោសា ទាក់ទង និងគំរាមលោកស្រី លឹម ហ៊ុយហ្គេច ជាថ្មី អោយលុបព័ត៌មានដែលបានផ្សាយចេញទាំងអស់ និងសុំទោសរូបលោកជាសាធារណៈទើបលោកសងប្រាក់។

យ៉ាងណា លោកស្រី លឹម ហ៊ុយហ្គេច បានប្រាប់ថា លោកស្រីមិនព្រមឡើយ ក្នុងការសុំទោសលោកផ្កាយ អ៊ុក កោសា ជាសាធារណៈ ក្នុងឋានៈលោកស្រីជាម្ចាស់បំណុល រឿងអ្វីត្រូវសុំទោសលោក អ៊ុក កោសា ជាកូនបំណុលនោះ។ ហើយរឿងផ្សេងអាចនិយាយគ្នាបាន បន្ទាប់ពីលោក អ៊ុក កោសា សងប្រាក់ គ្រប់ចំនួនហើយនោះ​ ។ ក្នុងនោះ លោកស្រី លឹម ហ៊ុយហ្គេច គឺនៅតែរក្សាគោលជំហរ មិនសុំទោសលោក អ៊ុក កោសា ជាកូនបំណុលដាច់ខាត ចំណែកព័ត៌មាន លោកស្រីនៅតែបន្តនិយាយ និងបង្ហាញការពិត ល្គឹះណាលោក អ៊ុក កោសា មិនព្រមសងលុយដែលជំពាក់ ព្រោះលោកស្រីទ្រាំអស់ចិត្ត និងបៀមការលំបាកជួសលោក អ៊ុក កោសា លោកស្រី ជៀម លីណា និងលោក តាំង សុជាតិ រាប់ខែមកហើយ។

ឱជីវិតស្ត្រីទន់ខ្សោយអើយ តើហេតុម្តេចឡើយ បានមកជួបរឿងវ៉ាវបែបនេះ គួរណាស់លោកផ្កាយ៣ អ៊ុក កោសា មានដំណោះស្រាយជូនលោកស្រី លឹម ហ៊ុយហ្គេច កុំអាងអំណាចធ្វើបាបស្រ្តីទន់ខ្សោយអី ដែលនេះជាខ្លឹមសាររបស់មហាជនបានដឹង ហើយចូលមកបញ្ចេញមតិជាបន្តបន្ទាប់​​​។

យ៉ាងណា អង្គភាពសារព័ត៌មាន TN TV ក៏នៅតែបន្តរងចាំ ការបង្ហាញឯកសារភស្តុតាង ពីខាងលោក អ៊ុក កោសា លោកស្រី ជៀម លីណា និងលោក តាំង សុជាតិ លើការបង្ហាញរបស់លោកស្រី លឹម ហ៊ុយហ្គេច ដែលជាម្ចាស់បំណុល ហើយចំពោះការលុបព័ត៌មាន ជំនួសអោយការផ្តល់ឯកសារ ឬ ភស្តុតាងណាមួយ អង្កភាពយើងខ្ញុំក៏មិនអាចធ្វើទៅបានដូចគ្នា ដោយ TN TV បន្តផ្សព្វផ្សាយការពិតព័ត៌មានរបស់គូរភាគី ដែលបានស្នើ និងមានការផ្ដល់ឯកសារគ្រប់ជ្រុងជ្រោយ  ដើម្បីធ្វើការផ្សាយជូនសាធារណៈជនបានដឹង និងពិចារណាតាមការគួរ៕