គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ លើលោក សុន ឆ័យ

0
1846

ភ្នំពេញ៖ ក្នុងនាមសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សកម្លាំងប្រជាធិបតេយ្យ របស់ ​ឯកឧត្តម អ៊ុន វិសិទ្ធគុន បានចេញញត្តិថ្កោលទោស ចំពោះបទសម្ភាសន៍របស់លោក សុន ឆ័យ និងសូមគាំទ្រសាលដីការបស់តុលាការកំពូល។ ខាងក្រោមនេះ ជាខ្លឹមសារនៃ ញត្តិថ្កោលទោស របស់គណបក្សកម្លាំងប្រជាធិបតេយ្យ លើលោក សុន ឆ័យ។

យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមសម្ដែងការ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ ដែលជាទណ្ឌិតដែលបានផ្ដល់បទសម្ភាសន៍តាមរយៈ វិទ្យុបារាំង អន្តរជាតិ (RII) និងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលបានបកស្រាយមានចរិតលក្ខណៈកេងចំណេញនយោបាយគ្មានមូលដ្ឋានផ្នែក ច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍សិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។

នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក សុន ឆ័យ បានធ្វើបទសម្ភាសន៍វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកន្លងមក លោកតែងតែធ្វើសកម្មភាពនយោបាយញុះញង់ឱ្យអ្នកគាំទ្រធ្វើសកម្មភាព ខុសច្បាប់ជាច្រើនដែលរូបលោក និងបក្សពួកបានបណ្ដុះនូវចិត្តគំនិតទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្ស ប្រជាជនកម្ពុជា ធ្វើឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌ បង្កើតការរើសអើងជាតិសាសន៍ជាដើម។

គណបក្សកម្លាំងប្រជាធិបតេយ្យ បានពិនិត្យឃើញថា ការទាមទារសំណងជម្ងឺចិត្តនៃការខូចខាតចំនួន បួនពាន់លានរៀលនេះ គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទម្បីករណ៍ច្បាស់លាស់ដូចដែលមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះដែរ។

គណបកកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។

គណបក្សកម្លាំងប្រជាធិបតេយ្យ រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឱ្យបរទេស ក្នុងគោលដៅដណ្តើមអំណាចតាមរូបភាពដោយខុសច្បាប់ ដែលត្រូវ យកផ្តន្ទាទោសដោយគ្មានការលើកលែង៕

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ

លោក សុន ឆ័យ

#TNTV #TNTVONLINE #KEOROTHNA #DPP #គណបក្សកម្លាំងប្រជាធិបយេត្យ #CPP #គណបក្សប្រជាជនកម្ពុជា