ប្រជាសហគមន៍រងគ្រោះដីធ្លីចំនួន៣ ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១១១

0
743

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណាជាង៥០០នាក់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០​២២ បានរួមគ្នាប្រារព្ធ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ ក្រោមប្រធាន​បទ «ស្ត្រី​ដើម្បី​កិច្ចគាំពារសង្គម និងសិទ្ធិដីធ្លី»។

ក្នុងកម្មវិធីខាងលើ ត្រូវបានអញ្ជើញចូលរួម ពីតំណាងក្រុមប្រឹក្សាសហគមន៍អមលាំង តំណាង មន្ត្រី​ប៉ុស្តិ៍​រដ្ឋ​បាល មេភូមិ ក្រុមប្រឹក្សាស្រុក និង តំណាងអង្គការ លីកាដូ រួមទាំង អាដហុក ព្រមទាំង​សមា​គម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) ផងដែរ។

ការរៀបចំប្រារព្ធពិធី ទិវាសិទ្ធិនារី អន្តរជាតិ ៨មីនា ខួបលើកទី១១១​របស់ប្រជាសហមន៍​រងគ្រោះដីធ្លី​ ចំ​នួន​៣សហគមន៍រួមមាន៖ សហគមន៍ អមលាំង សហគមន៍រស្មីសាមគ្គី និងសហគមន៍ត្រពាំងជោ ស្ថិតនៅ​ស្រុកថ្ពោង ខេត្តកកំពង់ស្ពឺ ធ្វើឡើង ក្នុងគោលបំណង
១. ដើម្បីចូលរួមរំលឹកខួប១១១នៃការទទួលស្គាល់ជាសកលសិទ្ទិនារី​អន្តរជាតិ​ ក៏ដូចជាផ្សព្វ​ផ្សាយ​អំពី​ច្បាប់​បទដ្ឋានគតិយុទ្ធជាតិ អន្តរជាតិក្នុងការបង្កើនការយល់ដឹងអំពីការលើកកម្ពស់សិទ្ធិនារី។
២. បញ្ឍប់ការរើសអើងគ្រប់ទម្រង់មកលើស្ត្រីនៅសហគមន៍មូលដ្ឋាន និងផ្តល់សេ​វ៉ា​ទាមទា​អោយ​អាជ្ញាធ​រ​រដ្ឋ​ដាក់បញ្ចូលកសិករ ជាពិសេសស្ត្រីអោយទទួលបានសេវ៉ាកិច្ចគាំពារសង្គម និងដំណោះ​ស្រាយ​ដី​ធ្លី​យុត្តិ​ធម៌​។
៣. ដើម្បីផ្សព្វផ្សាយជាសាធារណៈ អោយបានទូលំទូលាយទៅលើក្របខ័ណ្ឌគោលនយោបាយជាតិ ពី​កម្ម​វិធី​កិច្ចគាំពារសង្គម ដែលកំពុងដំណើរការអនុវត្តន៍បច្ចុប្បន្ន។

គួររំលឹកផងដែរថា ប្រជាពលរដ្ឋខ្មែរភាគច្រើន បានពឹងផ្អែកលើដីធ្លី ដើម្បីបង្ករបង្កើនផល​ទ្រទ្រង់ជីវ​ភាព​របស់​ពួកគេ ដែលក្នុងនោះ៧៩% រស់នៅជនបទ។ ហេតុដ្នេះហើយ​ទើបធ្វើអោយពួក​គេពឹងផ្អែកស្ទើរ​ទាំង​ស្រុង​ទៅលើការកាន់កាប់ និងអាស្រ័យផលដីធ្លី និងធនធានធម្មជាតិផ្សេងទៀត។ យ៉ាងណា ការរីករាលដាលនៃអំពើពុករលួយ បានធ្វើឱ្យមានការរំលោភដីធ្លី ដែលបង្កផលប៉ះ​ពាល់​ដល់​ការ​ប្រើ​ប្រាស់សិទ្ធិលើកម្មសិទ្ធដីធ្លី និងឯកសារពាក់ព័ន្ធ ទៅនឹងកម្មសិទ្ធទាំងនោះ ដោយប្រជាពលរដ្ឋ​ភាគ​ច្រើន​មិនទាន់មានប័ណ្ណកម្មសិទ្ធដីធ្លីត្រឹមត្រូវ។ កត្តានេះហើយ​បានធ្វើឱ្យពួកគេក្លាយជាជន​ងាយរង​គ្រោះ​ ពី​ការ​រំលោភដីធ្លី៕