ភ្នំពេញ៖ ជំនោរវិច្ឆិកា អាចនិយាយបានថា ជារដូវកាលនៃការដោះលែងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គម បរិស្ថាន ឱ្យមានសេរីភាពឡើងវិញ ក្រោយពួកគេត្រូវបានអនុវត្តទោស ក្នុងពន្ធនាគារតាមកាលកំណត់របស់តុលាការ។
ក្នុងនោះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តុលាការ បានសម្រេចដោះលែងលោក ហ៊ុន វណ្ណៈ និងលោកស្រី ឈឿន ដារ៉ាវី ដែលជាយុវជនខ្មែរថាវរៈ ឱ្យមានសេរីឡើងវិញពីពន្ធនាគារព្រៃស និង PC ព្រមទាំងលោក ប៉ែន ចាន់សង្គ្រាម អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារព្រៃសដូចគ្នា។
អ្នកនាង ឈឿន ដារ៉ាវី
លោក ហ៊ុន វណ្ណៈ
លោក ប៉ែន ចាន់សង្គ្រាម
យ៉ាងណាតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅល្ងាចថ្ងៃដដែលនេះ តុលាការក៏និងដោះលែង លោក រ៉ុង ឈុន អ្នកឃ្លាំមើលបញ្ហាព្រំដែន.លោក សួង សុភ័ណ្ណ ប្រធានគណបក្សខ្មែរឈ្នះ.កញ្ញា ស កណិការ និងលោក តុន និមល ព្រមទាំងយុវជនមាតាធម្មជាតិ ចំនួន៦រូបផ្សេងទៀតរួមមាន៖ លោក ថុន រដ្ឋា.លោក លី ចាន់ដារ៉ាវុធ.លោក យីម លាងហ៊ី.កញ្ញា ភួង កែវរស្មី.កញ្ញា ឡុង គន្ធា និងកញ្ញា ស៊ុន រដ្ឋា ឱ្យមានសេរីភាពឡើងវិញដូចគ្នាផងដែរ។
លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ
កញ្ញា ស កណិការ
សូមជំរាបថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការ បានសម្រេចដោះលែង លោក មាន ព្រហ្មមុនី អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ.លោក ថា ឡាវី សមាជិកយុវជនខ្មែរថាវរៈ លោក ឈួ ផេង និងលោក ជុំ ពុទ្ធី អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ។
លុះដល់ថ្ងៃទី០៨ តុលាការសម្រេចដោះលែង កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា.ថ្ងៃទី១០ ដោះលែង កុមារ កាក់ សុវណ្ណឆៃ និងនៅថ្ងៃទី១១ តុលាការដោះលែង លោក មួង សុភក្រ័ ឱ្យមានសេរីភាពឡើងវិញដូចៗគ្នា ដែលយើងអាចនិយាយបានថា ជំនោរវិច្ឆិកា ជាដូវកាលនៃការដោះលែង អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ យុវជនសង្គម និងបរិស្ថាន ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ៕