ចេញផ្សាយ ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកថវិកាមនុស្សធម៌កាកបាទក្រហមកម្ពុជាចំនួន១០លានរៀល ជួយសម្រាលការលំបាកជីវភាព លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ភឿន ភិរៈ បានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារកិច្ច ត្រូវបានមហាជនគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក ដល់រូបលោក ក្រោយបានដឹងពីប្រវត្តិរបស់លោករួចមក។
ក្នុងករណីនេះ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញាបានដោះលែងលោក ភឿន ភិរៈ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតលើករណីនេះបន្ថែមទៀតផងដែរ៕