ចេញផ្សាយ ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
បាត់ដំបង៖ រថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវធន់ធំ១គ្រឿង ដាច់ប្រាំងបណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ពីផ្លូវជាតិលេខ៥៩ បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ កាលពីវេលាម៉ោង០២នឹង១០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តដឹកស្រូវធន់ធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 បើកតាមបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងផង តៃកុងរថយន្តជាន់ប្រាំងបង្ខំ បណ្តាលឱ្យដាច់ប្រាំងរថយន្ត ក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៥៩ បង្ករឲ្យអ្នកបើកបរ និងងអ្នករួមដំណើរ ចំនួន០៣នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ដោយក្នុងនោះ សពជនរងគ្រោះទី១ត្រូវបានគេស្គាល់ឈ្មោះ សួន សុជា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,សពជនរងគ្រោះទី២ ឈ្មោះ ឧត្តម អាយុប្រហែល២៥ឆ្នាំ រស់នៅខេត្តព្រៃវែង,សពរងគ្រោះទី៣ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និងសពជនរងគ្រោះទី៤ ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុ ចំណែកសពជនរងគ្រោះទាំង៤នាក់ ប្រគល់អោយទៅឱ្យក្រុមគ្រួសារ នឹងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕