ឆ្នាំ២០២០ ខេមបូចា រកឃើញ មានករណីយាយីប្រឆាំងអ្នកសារព័ត៌មាន ចំនួន៣៥ករណី ដោយការឃុំខ្លួន និងហិង្សា

0
949

ចេញផ្សាយ ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលហៅកាត់ថា ខេមបូចា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញរបាយការណ៍លើកដំបូងរបស់ខ្លួន ស្តីពី ស្ថានភាពអ្នកសារព័ត៌មានកម្ពុជាឆ្នាំ២០២០។

ក្នុងរបាយការណ៍របស់ ខេមបូចា បានបង្ហាញថា នេះគឺជាការកត់ត្រាប្រចាំឆ្នាំលើកដំបូង អំពីករណីយាយីប្រឆាំងអ្នកសារព័ត៌មាន ដែលជារឿងៗ ត្រូវបានគេដៅដោយអយុត្តិធម៌ ចំពោះការអនុុវត្តសិទ្ធិស្របច្បាប់ និងសេរីភាពរបស់ពួកគេនៅក្នុងការរាយការណ៍ព័ត៌មាន។

ក្នុងនោះសម្រាប់ឆ្នាំ២០២០កន្លងទៅ ខេមបូចា បានកត់ត្រានូវការយាយី មកលើអ្នកសារព័ត៌មាន មានចំនួន៣៥ករណី ប្រឆាំងនិងអ្នកសារព័ត៌មានចំនួន៧២នាក់ ហើយប្រភេទនៃការយាយីប្រឆាំងនិងអ្នកសារព័តមានដែលបានកើតឡើងច្រើនជាងគេ គឺការឃុំខ្លួននៅក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា។ ដោយក្នុងនោះយ៉ាងតិចណាស់ មានអ្នកសារព័ត៌មានចំនួន៣១នាក់ ត្រូវបានចាប់ឃុំខ្លួន ហើយអំពើហិង្សាក៏នៅតែជាហានិភ័យនៃការងាររបស់អ្នកសារព័ត៌មានផងដែរ ដែលមានអ្នកសារព័ត៌មានចំនួន២២នាក់ ត្រូវបានទទួលរងការវាយដំលើរូបរាងកាយ ឬរងការរាមកំហែងនៅពេលកំពុងបំពេញការងារជាដើម។

ខេមបូចា ថា ក្រមព្រហ្មទណ្ឌក៏នៅតែជាឧបករណ៍ច្បាប់ដ៏មានឥទ្ធិពលមួយដែលត្រូវបានគេប្រើជាញឹកញាប់ដើម្បីបំភិតបំភ័យ និងចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ ដោយក្នុងនោះត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ឬជំរិតទាប្រាក់តាមមាត្រា៤៩៥ និងមាត្រា២៣២នៃក្រមព្រហ្មទណ្ឌ។

ក្នុងរបាយការណ៍របស់ ខេមបូចា ដដែលក៏បានសង្កត់ធ្ងនផងដែរថា ការបន្តចាប់ឃុំខ្លួន ការឃុំឃាំង និងការគំរាមកំហែងជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាន ធ្វើឱ្យខូចដល់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឱ្យមានការភ័យខ្លាចចំពោះអ្នកដែលចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធ និងមន្រ្តីអ្នកមានអំណាច៕