សកម្មជនការពារព្រៃឡង់ទាំង៥នាក់ត្រូវបានដោះលែងវិញហើយ

0
1072

ចេញផ្សាយ ថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១

ក្រចេះ៖ សកម្មជនការពារព្រៃឡង់ ដែលត្រូវបានចាប់ខ្លួនដោយមន្ត្រីបរិស្ថាន ខេត្តក្រចេះ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការដោះលែងសកម្មជនទាំង៥នាក់ខាងលើ ធ្វើឡើយក្រោយពីបានសួរនាំ និងឃុំខ្លួនអស់រយៈពេល៣យប់៤ថ្ងៃ របស់មន្ត្រីបរិស្ថាន និងតុលាការសាលាដំបូងខេត្តក្រចេះ។

យ៉ាងណា រហូតមកដល់ពេលនេះ យើងនៅមិនទាន់អាចស្វែងរកការបំភ្លឺពីជនរងគ្រោះទាំង៥នាក់ ជុំវិញករណីខាងលើក្រោយការដោះលែងនេះនៅឡើយទេ។

សូមបញ្ជាក់ថា សកម្មជនការពារព្រៃឡង់ ទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន និងទើបតែដោះលែងនៅថ្ងៃនេះរួមមាន៖ ១លោក អ៊ួច ឡេង ២លោក ហេង ស្រស់ ៣លោក ម៉ាន ម៉ាត់ ៤លោក ហេង រ៉ុន និង៥ លោក ជួប ជាង ដែលពួកគេត្រូវបានមន្រ្តីបរិស្ថានខេត្តក្រចេះ ឃាត់ខ្លួនកាលពីម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ពេលចុះបំពេញការងារ ការពារព្រៃឡង់ ពីការកាប់បំផ្លាញរបស់ឈ្មួញ និងជនខិលខូច៕