កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ នឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រ ដ៏សំខាន់ សម្រាប់ កម្ពុជា ថៃ និងសកលលោក

0
104

ភ្នំពេញ៖ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ រវាងកម្ពុជា និង ថៃ ត្រៀមចុះហត្ថលេខាក្នុងពេលខាងមុខនេះ កំពុងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្រោមសាក្សីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលនឹងធ្វើអោយពិភពលោក បង្វែរក្រសែភ្នែកសម្លឹងមកមើលនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ បើត្រូវបានភាគីទាំងពីរ អនុវត្តដោយភាពខ្ជាប់ខ្ជួននិងស្មោះត្រង់ នោះ វានឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលផ្តល់កិត្តិយសយ៉ាងខ្លាំងដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ពីព្រោះពិភពលោកបានឃើញយ៉ាងច្បាស់ថា ពាក្យសន្យាដ៏មានតម្លៃដែលលោក ដូណាល់ ត្រាំ បានប្រកាសមិនមែនជាសម្តីដើម្បីលំអសម្រាប់នយោបាយនោះទេ។ កិច្ចព្រមព្រៀងសន្តិភាពខាងមុខនេះ នឹងមិនត្រឹមជួយធានាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងតំបន់អាស៊ានទេ ប៉ុន្តែថែមទាំងជួយពង្រឹងសន្តិភាពសកលផងដែរ។

ចំពោះមុខនេះ ឯកឧត្តម អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានមើលឃើញថា លោក ដូណាល់ ត្រាំ ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាង កម្ពុជា ថៃ ហើយវត្តមានជាសាក្សីរបស់លោក នៃកិច្ចព្រមព្រៀងនេះ នៅប្រទេសម៉ាឡេស៊ី ពិតជាមានសារសំខាន់ណាស់សម្រាប់ពិភពលោក នៃសន្តិភាព ពិសេសសហគមន៍អាស៊ាន និងប្រទេសទាំងពីរ កម្ពុជា ថៃ ហើយ ឯកឧត្តម សង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពនេះ និងបានផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អោយទទួលបានសុខសន្តិភាពដូចៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សារម្យ ក៏បានសុំណូមពរដល់សហគមន៍អន្តរជាតិ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា ថៃ ត្រូវតែចូលរួមតាមដាន និងទប់ស្កាត់ការរំលោភបំពានដោយភាគីណាមួយលើកិច្ចព្រមព្រៀងសន្តិភាព។ ហើយសហគមន៍អាស៊ានទាំងមូល នៅក្នុងប្រទេសដែលជាអាស៊ាន ដែលមានវិវាទជាមួយគ្នា គួរចូលរួមសហការដើម្បីរកដំណោះស្រាយសហគមន៍អាស៊ានទាំងមូល ដើម្បីកសាងស្ថេរភាពនៅក្នុងតំបន់អាស៊ាន។

ភ្ជាប់ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សារម្យ ក៏បានរំលឹងផងដែរថា ប្រទេសថៃ ហាក់មិនបានអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អោយបានត្រឹមត្រូវ តែងតែរំលោភបំពានមកលើប្រទេសកម្ពុជាម្តងហើយម្តងហើយម្តងទៀត ដាក់បន្លាលួសរំលោភយកដែនអធិបតេយ្យភាព បូរណៈភាពកម្ពុជា។


កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ មិនត្រឹមជាកិច្ចព្រមព្រៀងមួយសម្រាប់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរកម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញនៃជ័យជម្នះនយោបាយសន្តិភាព ដែលបង្ហាញពីថាមពលនៃការចរចា ការគោរពអធិបតេយ្យភាព និងការសហការរវាងប្រទេសជាសមាជិកអាស៊ានផងដែរ៕