តាកែវ៖ ឯកឧត្តម អ៊ុន ជឹម និងលោកជំទាវ ព្រមទាំងសហការី របស់គណបក្សឯកភាពជាតិខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៦ នៅវត្តអង្គសីមាថ្មី ស្ថិតនៅភូមិប្រសូត្រថ្មី ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាភូមិស្រុកកំណើតរបស់ ឯកឧត្តផ្ទាល់។
ក្នុងពិធីនេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមបច្ច័យកសាងសមិទ្ធផលក្នុងទីវត្តអារាម ចំនួន១លាន ៥ម៉ឺនរៀល និងការប្រគេនបច្ច័យព្រះសង្ឃ ក្នុងមួយអង្គ ចំនួន៤ម៉ឺនរៀល ចំនួន៧អង្គ និងជូនបច្ច័យដល់លោកតាលោកយាយ ព្រមទាំងប្រជាការពារភូមិ ដែលបានអញ្ជើញចូលរួម ក្នុងពិធីកាន់បិណ្ឌ វេនទី៦នេះផងដែរ។
សូមជម្រាបថាជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖
ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។
ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។
និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕
━━━━༻❀༺━━━━
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 តាមដាន TELEGRAM
🌐 តាមដាន TNTV Facebook
🌐 តាមដាន TNTV TikTok
🌐 តាមដាន TNTV YouTube
🌐 តាមដាន TNTV Website
🌐 តាមដាន TNTV Instagram