ភ្នំពេញ៖ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចរន្តនៃការសុំរួមជីវភាពនយោបាយរបស់សមាជិកបក្សប្រឆាំង ជាមួយគណបក្សប្រជាជនកម្ពុជា មិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ។
ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានី-ខេត្ត បានបន្តថា ចរន្តនៃការស្នើសុំចូលរួមជីវភាពនយោបាយរបស់គណបក្សប្រឆាំងបានកើនឡើងជាលំដាប់ក្នុងបរិបទនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងប្រមុខដឹកនាំបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មពិតប្រាកដជូនជាតិ និងប្រជាជន។
ឯកឧត្តម យូ សិរីវុឌ្ឍ
ឯកឧត្តម បញ្ជាក់ថា កត្តាសំខាន់នៃចរន្តចាកចេញរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង ដោយសារគណបក្សប្រឆាំងនោះមានចរិកលក្ខណៈប្រជាភិថុតិ ភូតភរ ញុះញង់ និងអាចឈានទៅអំពើដែលបំផ្លាញសង្គមជាតិ និងសេចក្តីប្រាថ្នា ក៏ដូចជាសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពរយៈពេលជាង២០កន្លងមកនេះ និងទៅអនាគត។
ជាមួយគ្នា ឯកឧត្តម បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមែនយកថវិកា ឬយកឥទ្ធិពលនយោបាយ និងប្រព័ន្ធតុលាការជាគំនាប ដែលនាំឱ្យចរន្តនៃការចាកចេញរបស់សមាជិក និងថ្នាក់ដឹកនាំគណបក្សប្រឆាំងបន្តសម្រុកចូលរួមជីវភាពគណបក្សប្រជាជនកម្ពុជានោះទេ។
សូមជម្រាបថា គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសមិនតិចទេ បានបន្តនាំគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹកនាំជាទណ្ឌិតក្បត់ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់ខ្លួនអស់ជំនឿចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនពិតប្រាកដ៕