ភ្នំពេញ៖ កម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអង្រួនព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ចារច្បាស់ក្នុងក្រាំងមាស នៃជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ។
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពិតជាបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដោយអង្គបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនានា ដោយឯករាជ្យ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងបរិយាកាស នយោបាយ អព្យាក្រឹត សុវត្ថិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យគណបក្សនយោបាយដែលជាសម្ព័ន្ធភាព ចេញសេចក្តីថ្លែងការណ៍ អបអរសាទរ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ពីអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល៥ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្នុងនោះ បើយោងតាមលទ្ធផលបណ្តោះអាសន្ន នៃអ្នកបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្ហាញឱ្យឃើញថា អ្នកបានទៅបោះឆ្នោត សរុបមានចំនួន១១.៧៣០នាក់ ស្មើនឹង៩៩,៨៦ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត១១.៧៤៧នាក់។ ហើយលទ្ធផលបណ្ដោះអាសន្ន ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អង្គបោះឆ្នោតពីគណបក្សដទៃ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានចំនួន៥៥អាសនៈ ស្មើនឹង១០,០៥២សម្លេង។
អង្គបោះឆ្នោត
គណបក្សនៃសម្ព័ន្ធភាព បានលើកឡើងបន្ថែមក្នុងសេចក្តីថ្លែងការណ៍ទៀតថា ជ័យជម្នះដែរ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និង ឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃ មោះមុត របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាព ជូនជាតិមាតុភូមិជានិច្ចនិរន្តរ៍។
ដូចគ្នានេះ គណបក្សនៃសម្ព័ន្ធភាព ក៏បានសម្តែងការកោតសរសើរ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលបានខិតខំប្រឹងប្រែង ដើម្បីពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម និងបន្តបោះជំហានទៅមុខប្រកបដោយទំនុកចិត្តគ្រប់ភាគីនិន្នាការនយោបាយ ក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោត។
ក្នុងនោះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលគណបក្សនីមួយៗបានចេញ គឺ ប្រកាស គាំទ្រ និងអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ ដែលប្រកបទៅដោយតម្លាភាព និងស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតយ៉ាងត្រឹមត្រូវបំផុត។
សូមជម្រាបថា បើគិតមកដល់ម៉ោងផ្សាយនេះ យោងតាមសេចក្តីថ្លែងការណ៍ គាំទ្រ អបអរសារ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ដែល TN TV ទទួលបាន មានចំនួន១៥គណបក្សនយោបាយ ដែលរួមមាន៖ ១ គណបក្សម៉ូលីណាកា របស់ ឯកឧត្តមបណ្ឌិត មាស សុត្ថា. ២ គណបក្សធម្មាធិបតេយ្យ របស់លោកជំទាវ ពោធិតី សាវត្ថី. ៣ គណបក្សកម្លាំងប្រជាធិបតេយ្យ របស់ ឯកឧត្តម អ៊ុន វិសិទ្ធគុន. ៤ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម. ៥ គណបក្សបំណងពលរដ្ឋ របស់ ឯកឧត្តម អ៊ិត សារម្យ. ៦ គណបក្សកម្ពុជាសេរីឯករាជប្រជាធិបតេយ្យ របស់ ឯកឧត្តម សុខ ឌី. ៧ គណបក្សនគរប្រជាធិបតេយ្យ របស់ ឯកឧត្តម ជា ពិសិដ្ឋ. ៨ គណបក្សអំណាចប្រជាពលរដ្ឋ របស់ ឯកឧត្តម កាន់ វីរៈ. ៩ គណបក្សខ្មែរតែមួយ របស់ ឯកឧត្តម គុជ លី. ១០ គណបក្សមហាសាមគ្គីជាតិខ្មែរ របស់ ឯកឧត្តម បណ្ឌិត ហ៊ាង គឹមស្រឿន. ១១ គណបក្សខ្មែរសាធារណរដ្ឋ របស់ ឯកឧត្តម ហួន ធៀមទៀង. ១២ គណបក្សខ្មែរក្រោក របស់ ឯកឧត្តម ឈឿង ចាន់ធឿន. ១៣ គណបក្សកសិករ របស់ ឯកឧត្តម មាស បូពៅ. ១៤ គណបក្សមហានគរ របស់ ឯកឧត្តម សែម សម្បត្តិ និង ១៥ គណបក្សពន្លឺថ្មី របស់ ឯកឧត្តម នួន សុខាវី៕