កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព

0
1443

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​ដំណាក់កាលទី៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ជាមួយគ្នានេះ សម្តេចធិបតី បានមានប្រសាសន៍ថា ពិតណាស់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជារបៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្ត្រចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ក្នុង៤ នីតិកាល បន្តបន្ទាប់កន្លងទៅបានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។​ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយកំណត់ «កម្មវិធីកទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជារបៀបវារៈ គោលនយោបាយអាទិភាពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូលំ» និង ក្នុង «មុំទី៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

ព្រមជាមួយគ្នានេះ សម្តេចធិបតី បានលើកឡើងផងដែរថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។ ក្នុងន័យនេះ ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្ត បោះជំហានតាមដំណាក់កាល ឬ អភិក្រមជាខឿន តាមរយៈការរៀបចំ និងអនុវត្តក្របខ័ណ្ឌផែនការសកម្មភាពរួម ដ៏លម្អិតមួយ ឬ ហៅកាត់ថា CAP ដែលផ្សំឡើងពីបណ្តាសកម្មភាពចាំបាច់សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ និង សកម្មភាពចាំបាច់នានា ដែលត្រូវចាប់ផ្ដើមសាកល្បងដកពិសោធន៍ ជាបណ្តើរៗ មុនឈានចូលទៅដល់ដំណាក់កាលបន្ទាប់៕

#TNTV #TNTVONLINE #TNHOTNEWS #KEOROTHNA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia#សន្តិភាពនៅកម្ពុជា#peaceofcambodia