លោក កឹម សុខា ត្រៀមលក្ខណៈដែលកម្ពុជា និងទទួលបានប្រយោជន៍ ក្នុងការកសាងសេដ្ឋកិច្ច ដោយឈរលើគុណតម្លៃសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ

0
1473

ភ្នំពេញ៖ លោក កឹម​ សុខា ជានិច្ចជាកាល តែងលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនគិតពីការលំបាក ឬសេចក្តីសុខរបស់ខ្លួនឡើយ។

ថ្មីៗនេះ លោកបានអញ្ជើញជួបជាមួយ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ព្រមទាំងមិត្តបរទេសនៃបណ្តាស្ថានទូតជាច្រើនទៀតដែលជាមិត្តកម្ពុជា។ ដូចគ្នានេះ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់លោកថា លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានសរសេរនៅលើ Twitter ផ្លូវការរបស់ការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន ថា៖ «សហរដ្ឋអាមេរិក គឺជាមិត្តយូរអង្វែងមួយរបស់កម្ពុជា និងជាអ្នកនាំចេញកំពូលនៃទំនិញកម្ពុជា។ យើងនៅតែប្តេជ្ញាធ្វើឱ្យជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ល្អប្រសើរ និង​បានផ្តល់ថវិកាជាង៣ពាន់លានដុល្លារជាជំនួយចាប់តាំងពីឆ្នាំ១៩៩១មក។»

នៅក្នុងជំនួបជាមួយឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែកក្កដា រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា លោក ប្រាក់ សុខុន បានស្នើដល់សហរដ្ឋអាមេរិក ឱ្យផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ ឬ Generalized System of Preferences (GSP) ដែលជាប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជាឡើងវិញ។

លោក Daniel J. Kritenbrink ក៏បានបានបង្ហោះសារនៅលើ Twitter ផ្លូវការរបស់ការិយាល័យសម្រាប់កិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅថ្ងៃពុធ ទី១៣ ខែកក្កដា ថា៖ «ខ្ញុំមានសោមនស្សរីករាយដោយបានជួបជាមួយលោក កឹម សុខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំមកកាន់រាជធានីភ្នំពេញ។ សហរដ្ឋអាមេរិកនៅតែខកចិត្តចំពោះសវនាការមានចរិតនយោបាយរបស់លោកបន្តអូសបន្លាយដោយគ្មានដំណោះស្រាយ។ ព្រះរាជាណាចក្រ (កម្ពុជា) អាចនឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយនៃសិទ្ធិនយោបាយរបស់លោក។»

លោក មុត ចន្ថា បានគួសបញ្ជាក់ដោយកត់សម្គាល់ថា ប្រទេសកម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធក្នុងឋានៈជាប្រទេសអនុគ្រោះបំផុត ឬ Most Favored Nations (MFN) ដោយអាចនាំផលិតផលកាត់ដេរ វាយនភណ្ឌ រួម មាន៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើណើរផ្សេងៗ ទៅកាន់សហរដ្ឋអាមេរិក ដោយមិនជាប់កាតព្វ​កិច្ចពន្ធអ្វីទាំងអស់ (ពន្ធ០ដុល្លារ)។ កម្ពុជាបានទទួលប្រព័ន្ធ MFN នៅឆ្នាំ១៩៩៧ និងត្រូវបានព្យួរទៅវិញ នៅឆ្នាំ២០២០។ យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, ប្រទេសកម្ពុជាបានទទួលនូវប្រយោជន៍ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ចាប់តាំងពីឆ្នាំ១៩៩៧ មក មានតម្លៃសរុបនៃការនាំចេញដោយមិនជាប់កាតព្វកិច្ចពន្ធមានចំនួនទឹកប្រាក់៨៥០លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាទិសដៅនាំចេញធំជាងគេបំផុតរបស់ប្រទេសកម្ពុជា ជាមួយនឹងទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩ មានតម្លៃទឹកប្រាក់៥ពាន់ ៤រយលានដុល្លារ។ ថ្វីត្បិតតែប្រឈមនឹងបញ្ហារោគរាតត្បាតកូវីដ-១៩ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានឡើងដល់២៣% ក្នុងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ឈានឡើង៦ពាន់លានដុល្លារ។ រីឯតម្លៃពាណិជ្ជកម្មទ្វេភាគីរវាង សហរដ្ឋអាមេរិក និង កម្ពុជា សម្រាប់ឆ្នាំ២០២១ បានកើនដល់ ៩ពាន់ ១៥៩លានដុល្លារ។

លោក មុត ចន្ថា បន្តថា សហរដ្ឋអាមេរិកបានព្យួរនូវប្រព័ន្ធ GSP កើតឡើងស្របគ្នាជាមួយនឹងការកាត់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមគម្រោង «អ្វីទាំងអស់លើកលែងតែអាវុធ» ឬ “Everything But Arms” (EBA)។ នៅខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធ EBA មួយផ្នែកពីប្រទេសកម្ពុជា ស្មើនឹង ២០% ដោយហេតុផលនៃការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារ ព្រមទាំងការរួមតូចចង្អៀតនៃលំហស៊ីវិលនិងប្រជាធិបតេយ្យ។ ដូច្នេះការជាប់កាតព្វកិច្ចពន្ធ ២០% លើទំនិញដែលភាគច្រើនបំផុតជាផលិតផលកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ គឺមានតម្លៃទឹកប្រាក់ប្រមាណជា ១ពាន់ដុល្លារ ជារៀងរាល់ឆ្នាំ។

ដូចគ្នានេះ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា មានជំនឿថា សហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរុប និងសហរដ្ឋអាមេរិក នឹងវិលត្រឡប់មកជួយដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច និងការងាររបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់ឱ្យមកវិញប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP។ ការធ្វើឱ្យប្រសើរឡើងវិញដល់ស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងបើកឱ្យមានលំហប្រជាធិបតេយ្យទូលំទូទាយនៅកម្ពុជា គឺជាលក្ខខណ្ឌសមស្របនិងសមហេតុផលដែលស្របតាមកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា នៅក្រោមរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយនិងអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សនានាដែលកម្ពុជាជាហត្ថលេខី។

ក្នុងនោះ លោក មុត ចន្ថា មានការជឿជាក់ថា លោក កឹម សុខា ត្រៀមលក្ខណៈចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏មានសារសំខាន់និងអត្ថន័យសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដើម្បីទទួលបាននូវប្រយោជន៍ដែលយើងសមនឹងទទួលបានសម្រាប់ការកសាងសេដ្ឋកិច្ចជាតិ ដោយឈរលើគុណតម្លៃសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕