ភ្នំពេញ៖ ស្រមោលអឌិតកាល នៃអតីតមេបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា បានធ្វើឱ្យគណបក្សនយោបាយមួយចំនួន រួមទាំងគណបក្សកាន់អំណាចផង តាមរយៈអ្នកនាំពាក្យ ហាក់មានការព្រួយបារម្ភ និងព្រមានលោក កឹម សុខា ប្រយ័ត្នដើរលើសបន្ទាត់ក្រហមតុលាការ។
យ៉ាណា សកម្មភាពនានារបស់លោក កឹម សុខា នាពេលកន្លងមក តាមរយៈមេធាវី ឆ្លើយតបវិញភ្លាមៗថា តាមខ្លឹមសារនៃដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤ «គ» ដ.ព.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយលោក កឹម សុខា ត្រូវគោរពតាមដូចខាងក្រោម៖
ក. មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ. មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ. ត្រូវឆ្លើយតបការកោះហៅពីគ្រប់សមត្ថកិច្ច ។
មេធាវីលោក កឹម សុខា លោកស្រី ម៉េង សុភារី ថាតាមរយៈដីកានេះ លោក កឹម សុខា តែងតែសហការគោរពតាមសេចក្តីសម្រេចនេះ។ ការចុះជួបប្រជាពលរដ្ឋរបស់លោក កឹម សុខា កន្លងមក គឺ មិនបានបំពានបំរាមតុលាការ ឬដើរហួសបន្ទាត់ក្រហមអ្វីឡើយព្រោះ៖
១. លោក កឹម សុខា ធ្វើដើម្បីការងារមនុស្សធម៌ ជួយរំលែកទុក្ខលំបាកប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬបញ្ហាកូវីត ការធ្វើបុណ្យទាន។
២. ដោយជិតរដូវកាលចូលឆ្នាំខ្មែរប្រពៃណីជាតិ ទើបលោក កឹម សុខា ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ទៅតាមប្រពៃណី ទំនៀមទំលាប់។ លោក កឹម សុខា គ្រាន់តែទៅជួបប្រជាពលរដ្ឋដើម្បីជម្រាបថា លោកមិនភ្លេច និងនៅតែនឹករលឹកពលរដ្ឋ រក្សានូវគោលជំហររបស់ប្រជាពលរដ្ឋ មិនក្បត់ប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋជាដាច់ខាត មិនធ្វើសកម្មភាពនយោបាយ និងមិនគាំទ្រគណបក្សនយោបាយណាឡើយ។
៣. បច្ចប្បន្នលោក កឹម សុខា មិនមានគណបក្សនយោបាយ ហើយក៏មិនមានទៅឃោសនាអោយប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រគណបក្សនយោបាយណាដែរ។
លោកស្រី ម៉េង សុភារី បន្តថា ដូច្នេះការសួរសុខទុក្ខ ការធ្វើបុណ្យទាន ការធ្វើការងារមនុស្សធម៌ មិនមែនជាសកម្មភាពនយោបាយ ដែលត្រូវស្ថិតនៅក្រោមបំរាមតុលាការឡើយ៕