ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញដីការ បញ្ឈប់ឱ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងវិភាគបញ្ហាសង្គម។
ការចេញដីការបស់តុលាការ បញ្ឈប់ឱ្យចាប់ខ្លួនលោកបណ្ឌិត សេងសារី ធ្វើឡើងក្រោយសម្តេចតេជោ ប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានស្នើឱ្យស្ថាប័នតុលាការ ពិនិត្យ ពិចារណា ក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។
ការស្នើរបស់សម្តេច ក្រោយលោកបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បកស្រាយពន្យល់ អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។
ទោះយ៉ាងណា បើតាមលោក សេង សារី មុនតុលាការ ចេញដីការបញ្ឈប់ឱ្យចាប់ខ្លួន ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអន្តរជាតិ ដែលផ្សាយជាខេមរភាសារ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា លោកនៅមិនទាន់មានទំនុកចិត្ត ក្នុងការវិលមកប្រទេសកម្ពុជាក្នុងពេលនេះបានឡើយទេ ព្រោះអាចជាធ្នាក់របស់សម្តេចប្រមុខរដ្ឋាភិបាល ដែលលោកធ្លាប់បានធ្វើកន្លងមក ទៅលើអតីតថ្នាក់ដឹកនាំ និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ៕