ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺករណីមន្ត្រីប៉ូលីស ខណ្ឌ៧មករា បង្ករបួសលើស្ត្រីម្នាក់ បណ្តាលឱ្យបែកក្បាល ក្នុងករណីល្មើសច្បាប់ចរាចរណ៍

0
1152

ភ្នំពេញ៖ ក្រោយករណីបង្កររបួសលើស្រ្តីម្នាក់ ដោយប៉ូលីសអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា រួចមក​ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការ​ដ្ឋាន​ន​គរ​បាល​រាជធានីភ្នំពេញ បានចេញការស្រាយបំភ្លឺជាសាធារណៈ។

ក្នុងសេចក្តីបំភ្លឺបានបង្ហាញថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ៖

១.មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាល ឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិកា​​រ​​ដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។

២.បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យ​កងកម្លាំង ផងដែរ។

៣.ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។

សូមជំរាបថា ករណីបង្កររបួសស្នាមលើស្រ្តីម្នាក់ ដោយប៉ូលីសអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ភ្លាមៗអ្នកលេងបណ្តាញសង្គម បានប្រតិកម្ម និងធ្វើការរិះគន់ទង្វើមន្រ្តីប៉ូលីសខាងលើយ៉ាងចាស់ដៃបំផុត៕