កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ មេបក្សប្រឆាំង នៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា និងភរិយា រួមជាមួយក្រុមការងារ បាននាំយកទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តចំនួន៤ គឺ វត្តទួលត្រង់ វត្តសិរីចំប៉ា វត្តត្រពាំងទា និង វត្តរស្មីសាមគ្គី ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

លោក ជីវ កត្តា មិនត្រឹមតែរក្សាគោលជំហរបន្តស្មារតីសង្គ្រោះជាតិ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនាមជាអតីតអ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាមនេះប៉ុណ្ណោះទេ ថែមទាំងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមផ្លូវព្រះពុទ្ធសាសនា ដូចអតីតមេដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ។

មិនតែប៉ុណ្ណោះ ចំពោះសកម្មភាពមនុស្សធម៌នានាមួយចំនួន ក៏មេបក្សប្រឆាំងស្នងតំណែងនៃអតីតគណបក្សសង្គ្រោះជាតិ រូបនេះ និងក្រុមការងារ តែងតែធ្វើជាប្រចាំ ជួយដល់ប្រជាពលរដ្ឋតាមតំបន់ផ្សេងៗ ដែលជួបការលំបាក និងខ្វះខាតក្នុងនាមខ្មែរតែមួយ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែល ក្រោយប្រគេនទេយ្យទាន ព្រះសង្ឃតាមគន្លងព្រះពុទ្ធសាសនារួចហើយ លោក ជីវ កត្តា ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ លោកយាយ លោកតា ពុទ្ធបរិសទ្ធ័ចំណោះជើងវត្តទួលត្រង់ ដែលបានអញ្ជើញមកទទួលនិងចូលរួម ក្នុងពិធីប្រគេនទេយ្យទានព្រះសង្ឃ ដោយទឹកចិត្តសោមនស្សរីករាយក្រៃលែងបំផុត។

តើ ក្រោយការបង្ហាញវត្តមាន និងសកម្មភាពនានារយៈពេលជាង១ឆ្នាំកន្លងមកនេះ របស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលប្រកាសគោលជំហរបន្តស្មារតីសង្គ្រោះជាតិ និងអាចឆក់យកបេះដូងប្រជាពលរដ្ឋម្ចាស់ឆ្នោតបានក្នុងកំរិតណា? ស្របពេលដែលគណបក្សមួយនេះ បាននិងបន្តសកម្មភាពមូលដ្ឋាន ការពង្រឹង និងរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្តបានចំនួន១៧ខេត្តក្រុង និង៥៨ស្រុក ខណ្ឌ ប្រមាណជាង៥០០ឃុំសង្កាត់ នៅទូទាំងប្រទេសទៅហើយនោះ ដើម្បីចូលរួមប្រគួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ខាងមុខ ស្របពេល៥គណបក្សផ្សេងទៀត ក៏សុតតែជាគូរប្រគួតប្រជែងរបស់ខ្លួន នៃបងប្អូនបង្កើតចេញពីឧទរតែមួយ អតីតគណបក្សសង្គ្រោះជាតិ ផងដែរនោះ៕
#TNHOTNEWS #TNTV #TNTVONLINE #CNLP














