កុំហឹងវាយកញ្ចក់រថយន្ត យោធា ផ្ទុះអាវុធបាញ់រៈ ស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ

0
1196

ចេញផ្សាយ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

រតនគិរី៖ ពិតជាសាហាវ នឹកស្មានមិនដល់ កំហឹងរឿងវ៉ៃកញ្ចក់រថយន្ត មន្រ្តីយោធាម្នាក់ ផ្ទុះអាវុធបាញ់សសម្លាប់បុរសម្នាក់ស្លាប់ក្រោយបញ្ជូលទៅដល់មន្ទីរពេទ្យ។

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយយោងលើរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ បានអោយដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីរសៀល មានករណីឃាតកម្ម ដោយប្រើប្រាស់អាវុធខ្លីម៉ាកឡុក នៅចំណុចចំការ ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនសង្ស័យឈ្មោះ លី  ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធា មានស្រុកកំណើតនៅភូមិដំបូកឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានទីលំនៅបច្ចុប្បន្ន ភូមិគងយុគ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រភពខាងលើបន្តថា ជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុស​ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ត្រូវបានជនសង្ស័យឈ្មោះ លី  ថេងជាង បាញ់ត្រូវចំឆ្អឹងជំនីខាងឆ្វេងចំនួន២គ្រាប់ ភ្លៅខាងស្តាំ១គ្រាប់ កំភួនជើងស្តាំ១គ្រាប់ សាច់ដុំដៃខាងឆ្វេង១គ្រាប់ ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។

សូមជំរាបថា ករណីខាងលើ មុនឈានដល់ការផ្ទុះអាវុធ បាញ់ស្លាប់ដូចនេះ ដើមហេតុ ដោយសារជនសង្ស័យ ឈ្មោះ លី ថេងជាង ខឹងជនរងគ្រោះឈ្មោះ រឹម ចន្ថា វាយបំបែកកញ្ចក់រថយន្តរបស់ខ្លួន។

ជាមួយគ្នានេះ ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតកាំភ្លើងមួយដើម សំបកកាទូសចំនួន៦គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន៤គ្រាប់ បង់ចំនួន១ ហើយជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕