យុវជនស៊ីក្លូ បើកយុទ្ធនាការចែកជំនួយស្បៀងអាហារ ព្រមទាំងថវិកា ជូនអ៊ុំពូបងនិងលោកតា ដែលជាអ្នកធាក់ស៊ីក្លូ ព្រមទាំងចាស់ជរា ក្នុងស្ថានភាពកូវីដកំពុងវាយលុក

0
1441

ចេញផ្សាយ ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាក របស់អ៊ុំពូបងលោកតាដែលជាអ្នកធាក់ស៊ីក្លូ ព្រមទាំងចាស់ជរា ក្រុមយុវជនស៊ីក្លូ ដែលជាអ្នកស្រលាញ់ និងរួមអភិរ័ក្សស៊ីក្លូ បានធ្វើយុទ្ធនាការរៃអង្គាសថវិកា ពីបងប្អូនសប្បុរសជន ដើម្បីចែកជូនស្បែងអាហារដល់ពួកគាត់។

ជាការពិត អ្នកប្រកបរបបធាក់ស៊ីក្លូ គឺត្រូវប្រើកម្លាំងកាយទាំងស្រុង ក្នុងការប្រកបមុខរបរបានប្រាក់បន្តិចបន្ទួចសម្រាប់ដោះស្រាយជីវភាព ពេលខ្លះពួកគាត់ទាំងនេះ រកតែប្រាក់សម្រាប់ហូបបាយស្ទើរតែមិនបានផង ដោយរាល់រាត្រី អាស្រ័យសំយាបផ្ទះរបស់គេ ដើម្បីជាជម្រកដ៏កក់ក្តៅរបស់ខ្លួន។

យ៉ាងណាជម្រកនេះ កក់ក្តៅនៅខែប្រាំ តែខែវស្សា ពួកគាត់ត្រូវរងារញ័រញាក់ទាំងកណ្តាលរាត្រី ក្រោមតំណក់ទឹកភ្លៀង នៃដំបូកស៊ីក្លូ ពុកផុយរហែក អមដោយក្រណាត់កៅស៊ូបិទបាំងសម្រាប់គ្របដណ្តប់គិចផុតពីដំណក់ទឹកភ្លៀង ដោយគ្មានទីសំណាក់អាស្រ័យសមរម្យដូចអ្នកផងទាំងពួងឡើយ។

ដោយចាកមិនឆ្ងាយនៃជីវិតវេទនាដូចគ្នានេះ ចាស់ជរាគ្មានទីពឹង ពួកគាត់ក៏ត្រូវប្រឈមនិងបញ្ហាព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ក្រោមដំបូលខ្សែជីវិតមិនខុសគ្នា ពី អ៊ុំពូបងលោកតា ដែលជាអ្នកប្រកបមុខរបររកស៊ីធាក់ស៊ីក្លូ ដែលសុតតែជាអ្នកមកពីជនបទ ស្រុកស្រែចំការ ចាប់យកមុខរបរជាអ្នកធាក់ស៊ីក្លូចិញ្ចឹមជីវិត។

យ៉ាងណា ពួកគាត់ទាំងនេះ ត្រូវប្រឈមមុខ ក្នុងមុខរបរទាំងការធ្លាក់ចំនួនអ្នកជិះ រួមផ្សំបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ បាននិងកំពុងវាយលុកផងនោះ ពួកគាត់ម្នាក់ៗ ត្រូវបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុង និងប្រឈមការឆ្លងជំងឺ ក៏ដូចជាចាស់ជរាដែលគ្មានទីពឹងផងដែរ។

ហេតុដូច្នេះហើយ ជាថ្មីម្តងទៀត ក្រុមយុវជនស៊ីក្លូ ដែលជាអ្នកស្រឡលាញ់ និងចូលរួមអភិរ័ក្សស៊ីក្លូ បានធ្វើយុទ្ធនាការរៃអង្គារថវិកា ពីបងប្អូនសប្បុរសជនដើម្បីជួយដល់ពួកគាត់ ដោយក្នុងនោះក្រុមយុវជនស៊ីក្លូ បានរៀបចំជូនពួកគាត់ចំនួន២០០ស៊ីក្លូ រួមទាំងចាស់ជរាមួយចំនួន សម្រាប់សប្តាហ៍ទី១ ដោយក្នុងម្នាក់ទទួលបាន ម៉ាស១ប្រអប់,អាកុល ឬ Spary បាញ់ ចំនួន២ដប,ទឹកបរិសុទ្ធ១កេស,មី ១កេស,ថវិកា ចំនួន៤ម៉ឺនរៀល រួមទាំង នំប័ង និងបង្អែមផងដែរ។

ថ្ងៃស្ទើរបាក់រសៀល នៅពីខាងមុខប្រៃសណីយ៍កម្ពុជា ក្នុងគ្រាកំពុងទទួលជំនួយរបស់ក្រុមយុវជនស៊ីក្លូ និយាយដោយស្នាមញញឹម រំភើបក្នុងចិត្តលោក គុណ វ័យ៥៣ឆ្នាំ ជាអ្នកស្រុកមេសាង ខេត្តព្រៃវែង ប្រកបរបរធាក់ស៊ីក្លូ បានលើកឡើងថា លោកសប្បាយរីករាយ ដែលក្រុមយុវជនស៊ីក្លូ បានផ្តល់ជំនួយដល់រូបលោក ក្នុងស្ថានភាពកូវីដកំពុងវាយលុក ធ្វើឱ្យលោកពិបាករកថវិកា យ៉ាងខ្លាំងនេះ។

លោក វន់ បុរសធាក់ស៊ីក្លូម្នាក់ទៀត រាងតូចស្តើង ដែលជាអ្នកខេត្តព្រៃវែងដូចគ្នា ក៏បានសម្តែងក្តីរំភើបរីករាយ ក្រោយទទួលបានជំនួយស្បៀងអាហារ នៃការផ្តល់ជូនរបស់ក្រុម យុវជន ស៊ីក្លូ ស្របពេលលោកកំពុងប្រឈមបញ្ហាជីវភាពយ៉ាងខ្លាំង រកមិនបានព្រោះតែស្ថានការណ៍ជំងឺកូវីដ១៩។

ចំណែកលោកពូ សឿន វ័យ៦២ឆ្នាំ ក៏ជាអ្នកខេត្តព្រៃវែងផងដែរនោះ និយាយបណ្តើរទឹកភ្នែកស្ទើរស្រក់បណ្តើរដោយក្តីរំភើប លាយឡំជាមួយសម្លេងអួលដើមករ ដោយលោករីករាយខ្លាំងណាស់ ពេលនេះលោក​រកលុយទិញស្បៀងស្ទើរមិនបាន ព្រោះថាបច្ចុប្បន្នស្ថានភាពកូវីដ បាននិងកំពុងវាយលុក ធ្វើឱ្យពួកគាត់ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ដឹកភ្ញៀវស្ទើរតែមិនបានឡើយ ក្នុងមួយថ្ងៃរកប្រាក់បាន១ម៉ឺនរៀល ផាត់បាយទឹកលោក សល់៤ទៅ៤ពាន់រៀល គ្រាន់ទុកដាក់សន្សំសម្រាប់គ្រួសារ។

យ៉ាងណា លោកពូ សឿន រីករាយនិងអរគុណ ចំពោះក្រុមយុវជនស៊ីក្លូ ដែលបានជួយលោកពូ សម្រាប់ រស់បន្តជីវិតមួយគ្រាទៀត មិនតែប៉ុណ្ណោះ សំខាន់គឺបានផ្តល់ម៉ាស់ និងអាល់កុល ព្រមទាំងលាងដៃ សម្លាប់មេរោគដល់លោកពូ ដែលជាអ្នកប្រកបរបរកស៊ីធាក់ស៊ីក្លូនេះ វាពិតជាសំខាន់ខ្លាំងណាស់។

លោក អុីវ សំណាង តំណាងក្រុមយុវជនស៊ីក្លូ បានប្រាប់ TNHOTNEW ឱ្យដឹងថា អ៊ុំពូបងលោកតា ដែលជាអ្នកប្រកបមុខរបរធាក់ស៊ីក្លូនេះ ជីវភាពរបស់ពួកគាត់ជាធម្មតា គឺមានការលំបាកទៅហើយ ទំរាំស្ថានភាពបច្ចុប្បន្ន ដែលកូវីដកំពុងវាយលុកនេះ កាន់តែធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រឈមបន្ថែមទៀត។ លោកថា ត្រង់ចំណុចនេះហើយ ដែលក្រុមយុវជនស៊ីក្លូ គិតថាការជួយចែករំលែកដល់ពួកគាត់ពេលនេះ គឺអាចជួយដោះទាល់ពួគគាត់មួយគ្រា មិនតែប៉ុណ្ណោះពួកគាត់ទាំងនេះ ក៏ជាអ្នកងាយរងគ្រោះផងដែរ។

លោក អុីវ សំណាង បន្ថែមថា នេះមិនមែនលើកទី១ទេ ដែលក្រុមយុវជនស៊ីក្លូ ផ្តល់ជំនួយដល់ អ៊ុំពូបង លោកតា ដែលជាអ្នកធាក់ស៊ីក្លូ និងចាស់ជរា តែដោយមើលឃើញពីសា្ថនភាពកូវីដកំពុងវាយលុកយ៉ាងខ្លាំង ក្រុមយុវជនស៊ីក្លូរបស់លោក ក៏បានសម្រេចក្នុងការរៀបចំរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីទិញស្បៀងអាហាា ម៉ាស់ អាល់កុល អមដោយថវិកាមួយចំនួនជួយដល់ពួកគាត់។ លោក អុីវ សំណាង បន្ថែមថា បើនៅតែមានការជួយឧបត្ថមគាំទ្រដល់ក្រុមយុវជនរបស់លោក ក្រុមយុវជនស៊ីក្លូ និងបន្តសកម្មភាពផ្តល់ជំនួយដល់ពួកគាត់ជាបន្តទៀត នៅរៀងរាល់សប្តាហ៍រហូតស្ថានភាពកូវីដត្រូវបានបញ្ចប់ ឬដូចមុនព្រឹត្តិ​ការណ៍២០កុម្ភៈ។

ក្រុមយុវនស៊ីក្លូ គឺជាយុវជនដែលស្រលាញ់ស៊ីក្លូ អភិរ័ក្ស ផ្សព្វផ្សាយ ដើម្បីឱ្យមានការគាំទ្រស៊ីក្លូឡើងវិញ ក្នុងការចូលរួមចំណែក ប្រាក់ចំណូលសម្រាប់អ្នកប្រកបរបរធាក់ស៊ីក្លូ ដោយការធ្វើតំណើរតាមស៊ីក្លូ និងការដឹកជញ្ជូនជាដើម។ ការអភិរ័ក្សស៊ីក្លូ ក្រុមយុវជនស៊ីក្លូ មិនមែនអភិរ័ក្សត្រឹមតែឯកសារ និងរូបភាពផ្សេងៗដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់នោះទេ គឺក្រុមយុវជនស៊ីក្លូ ធ្វើការអភិរ័ក្សរូបរាងពិត ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់ បានប៉ះ និងបានជិះស៊ីក្លូផងដែរ។

សូមជំរាបថា ក្រុមយុវជនស៊ីក្លូ បានចាប់ផ្តើមគៀងគរ ប្រមូលថវិកាតាមរយៈបណ្តាញសង្គម ចាប់​ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១មក ដោយក្នុងនោះ ក្រុមយុវជនស៊ីក្លូ ទទួលបានការចូលរួមឧបត្ថមពីសំណាក់ ឧកញ៉ា អឹុង លីហេង និងលោកជំទាវ តាំង ហ្គិចលៀង ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត សម្រាប់ជាជំនួយជួយដល់ អ៊ុំពូបងលោកតា ដែលជាអ្នកធាក់ស៊ីក្លូ និងចាស់ជរា៕