លោកស្រី ទ្រី ដាណា និងស្វាមី ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់អាវុធហត្ថ រាជធានីភ្នំពេញ

0
1197

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ លោកស្រី ទ្រី ដាណា ថៅកែហាង ដាណាទ្រី លក់គ្រឿងអលង្ការ និងស្វាមី កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ម្សិលម៉ិញនេះ បាននាំយកថវិកាចំនួន២ម៉ឺន​ដុ​ល្លារ ជូនដល់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

ការនាំយកថវិកាជូនកងរាជអាវុធហត្ថ រាជធានីភ្នំពេញ របស់លោកស្រី ទ្រី ដាណា ក្រោយបន្ទាប់ពីអាវុធហត្ថរាជធាំនីភ្នំពេញ បង្ក្រាបក្រុមចោរ ជំរិត និងប្លន់សម្លាប់ បានទាន់ពេលវេលា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាង​ក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។

នេះជាបេសកកម្មដ៏ជោគជ័យធំធេងរបស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទាំងរក្សាបានសុវត្ដិភាពជូនជនរងគ្រោះ ពលរដ្ឋក្នុងតំបន់ រួមទាំងកម្លាំងកងរាជអាវុធហត្ថគ្រប់រូប ដែលមានសុវត្ថិភាពគ្រប់គ្នាក្នុងប្រតិ​បត្តិការណ៍ដ៏សំខាន់មួយនេះ៕