លោក ហ៊ុន ម៉ានី បន្តចាក់វ៉ាក់សាំង Sinopharm នៅថ្ងៃនេះ ដើម្បីការពារជំងឺកូវីដ១៩

0
884

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ក្នុងសកម្មភាពនៃថ្នាក់ដឹកនាំគំរូ កូនប្រុសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហ៊ុន ម៉ានី បានបន្តចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បើតាមការផ្សព្វផ្សាយរបស់លោក ហ៊ុន មា៉នី នៅលើទំព័រ Facebook ផ្លូវការរបស់លោកថា បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ លោកទទួលបានការអនុញ្ញាត ឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលលោកបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ។ 

លោក ហ៊ុន ម៉ានី បន្តថា ឆ្លៀតក្នុងឱកាសនេះ លោកសូមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយរូបលោកក៏សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។

លោក ហ៊ុន ម៉ានី ថ្លែងទៀតថា អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះ គឺកាលពីម្សិលមិញ​នេះ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំង ដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកល ដែលដឹក​នាំរបស់អង្គការសុខភាពពិភពលោក។

ដូចគ្នានេះ លោក ហ៊ុន ម៉ានី ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការចូលរួមក្នុងវិធានការណ៍ការពារ «៣ការពារ ៣កុំ»។ 

លោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ចុងក្រោយថា ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕