លោក កឹម សុខា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង នៅថ្ងៃនេះ

0
967

ចេញផ្សាយ ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បំរាមតុលាការ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតប្រទេសបារាំង។

ក្នុងជុំនួបដ៏សំខាន់ខាងលើនេះ លោក កឹម សុខា បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជាមួយ ឯកអគ្គរដ្ឋទូត បារាំង ប្រចាំនៅកម្ពុជា និងបានធ្វើការវាយតម្លៃពីស្ថានការមួយចំនួននៅកម្ពុជាកន្លងមក និងទំនាក់ទំនង ព្រមទាំងតួនាទីរបស់ប្រទេសកម្ពុជា និង ប្រទេសបារាំង ក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និង ឆ្នាំបន្តបន្ទាប់ខាងមុខផងដែរ។

លោក កឹម សុខា ថា បើទោះបីយើងបានដឹងច្បាស់ និង បានខិតខំដោយខ្លួនយើងក៏ដោយ ក៏ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមាន ទាំងលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិបត្តិនានាកន្លងមកដែរ។ អាស្រ័យហេតុនេះហើយ បានជាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួមចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើបាន លោកនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិដើម្បីខ្មែរ។

ក្នុងន័យនេះ លោក កឹម សុខា ថាជាក់ស្តែងសម្រាប់ឆ្នាំថ្មី២០២១ ក្នុងខែមករា រូបលោកបានជួបទូត២ប្រទេស ខែកុម្ភៈជួបទូត២ប្រទេសផ្សេងទៀត និងក្នុងខែមិនា ថ្ងៃទី០៣នេះ និងថ្ងៃខាងមុខ រូបលោកនៅតែបន្តជួបទូតដែលជាមិត្តរបស់ប្រជាពលរដ្ឋខែ្មរ ដើម្បីខ្មែរ បន្តទៅទៀត។

លោក កឹម សុខា បញ្ជាក់ជាចុងក្រោយថា យើងនៅតែសង្ឃឹមជឿជាក់លើខ្លួនយើង ប្រជាពលរដ្ឋយើង មិត្តល្អរបស់យើង៕