រថយន្តលុចស៊ីស RX300 បោះពួយយ៉ាងលឿន ព្រលះផ្ទះអ្នកបោកអ៊ុត

0
1138

ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១

កណ្ដាល៖ រថយន្តលុចស៊ីស RX300 មួយគ្រឿងបានបើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៥ បានរ៉េចង្កូតបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរបោកគក់ និងលក់ដូរសម្ភារៈបណ្ដាល​ឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានម្ចាស់ផ្ទះឈ្មោះ ទេព សុណេន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ។

បើតាមសម្តីម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់កំពុងឈរៀបចំបទខោអាវរបស់ភ្ញៀវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2J-7388 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កបានរ៉េចង្កូតបុកទម្លុះចូលក្នុងផ្ទះរបស់គាត់តែម្ដង សំ ណាងល្អដែរមិនបានបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស គ្រាន់តែរងការខូចខាតសម្ភារៈមួយចំនួនក្នុងផ្ទះរបស់គាត់ ដោយបាក់បង្គោលសន្យាបផ្ទះ និងកាំមេរ៉ាសុវត្ថិភាព ព្រមទាំងសម្ភារៈមួយចំនួនទៀត។

ក្រោយកើតហេតុភាគីរថយន្តបង្ក បានឲ្យតំណាងរបស់ខ្លួនមកចរចារជាមួយម្ចាស់ផ្ទះ ក្នុងនោះម្ចាស់ផ្ទះ បានទាមទារសំណងរាល់ការខូចខាត ចំនួន២,០០០ដុល្លារ ដើម្បីយកមកជួសជុលផ្ទះឡើងវិញ ប៉ុន្តែភាគីរថយន្តបង្កមិនយល់ព្រមសង់តាមការទាមទារបស់ម្ចាស់ផ្ទះឡើយ ដោយសុំសងត្រឹមតែ៥០០ដុល្លា ទទ៦០០ដុល្លាតែប៉ុណ្ណោះ។

ក្រោយការចរចាមិនត្រូវគ្នា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំព្រែកតាទែន បានយករថយន្តបង្កព្រមទាំងអ្នកបើកបររថយន្ត ទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីឲ្យភាគីទាំងពីរបន្តចរចាគ្នាបន្តទៀត។ បើប្រសិនភាគីទាំងសង់ខាងច​រចាគ្នាមិនត្រូវដដែល នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំព្រែកតាទែន និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្នាននគបាលស្រុកពញាឮ៕