ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១
សៀមរាប៖ ប្រាសាទកណ្តាលស្រះស្រង់ ក្រោយការជួសជុលរួចជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា ក៏បានសម្តែងការអរគុណយ៉ាងជ្រាវជ្រៅ ចំពោះវិស័យឯកជន ជាពិសេសលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនឧបត្ថម្ភការជួសជុលនេះ។
ម្យ៉ាងវិញទៀត តាមរយៈនៃការជួសជុលនិងរំលេចរូបរាងជាថ្មីឡើងវិញប្រាសាទកណ្តាលស្រះស្រង់ បានធ្វើឲ្យទេសភាពវប្បធម៌នាពេលអតីតកាលបានរស់រានមានជីវិតជាថ្មីឡើងវិញ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលមកទស្សនាប្រាសាទនេះពីគ្រប់ទិសទី។
ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាទិដ្ឋភាពប្រាសាទកណ្តាលស្រះស្រង់ដើម្បីផ្តិតយករូបភាព ស្វែងយល់ពីប្រវត្តិ និងសិល្បៈនៃប្រាសាទនេះដោយរីករាយ៕