ចោរអំបុកអំបែង ពួនក្នុងបន្ទប់ទឹក ច្របាច់ក ប្លន់ទូរស័ព្ទដៃ

0
1240

ចេញផ្សាយ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ជនសង្ស័យម្នាក់បានលាក់ខ្លួនពួនសម្ងំអាត្មា ក្នុងបន្ទប់ទឹកផ្សារទំនើប ស៊ីធីម៉ល ច្របាច់ក និងវាយស្ត្រីអនាម័យម្នាក់ប្លន់យកទូរស័ព្ទ។

ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានខំរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានភ្លាមៗ ដែលហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធីម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអនាម័យនៅផ្សារទមនើប ស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹកបត់ជើង ស្រាប់តែជនសង្ស័យ ឈ្មោះ សុខ តូលី អាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ បានលោតមកច្របាច់ក និងវាយយកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារចាប់ខ្លួនបានមកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផលគឺវិជ្ជមាន ដោយសមត្ថកិច្ចសាកសួរបន្តដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕