បើកលឿនរវល់ចុចទូរស័ព្ទ បុកវិមានឯករាជ្យ

0
989

ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រវល់ចុចទូរស័ព្ទ បុរសម្នាក់បើករថយន្តម៉ាក តូយ៉ូតាព្រូស ជ្រុលទៅបុករង្វង់មូលវិមានឯករាជ្យ កាលពីវេលាម៉ោង០៤:០២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច ដែលប្រចាំការគោលដៅវិមានឯករាជ្យ បានប្រាប់អ្នកយកព័ត៍មាន TN Hot New ឲ្យបានដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-1315 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបើកត្រង់ទៅមុខ ក៏ជ្រុលទៅបុកខឿនរង្វង់មូលវិមានឯករាជ្យពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កបុកផ្ទប់ជាប់ខឿនអាងទឹកវិមានឯករាជ្យ ខូចខាតយ៉ាងដំណាំ និងផ្ទុះពោងការពារសុវត្តិភាពទៅមុខលែងរួច។

ភ្លាមៗកម្លាំងនគរបាលចរាចរណ៍ បានធ្វើការឃាត់ខ្លួនអ្នកបើកបរ និងបានឲ្យជំនាញចរាចរណផ្លូវគោក ស្ទូចរថយន្តខាងលើយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕