ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តដំបង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រចំនួន៦០០គ្រួសារ ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ បានមកពីការចូលរួមរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប.អង្គការខាមបូឌា វីសិន (Cambodia Vision) សមាគមខ្មែរនៅទីក្រុងសុីដនី និងសប្បុរសជននៅប្រទេសអូស្ត្រាលី ព្រមទាំងកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ លោក ងួន រតនៈ បានថ្លែងអំណរគុណ តំណាងក្រុមហ៊ុន តំណាងអង្គការ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាពេលនេះ។
ព្រមជាមួយគ្នានេះលោក សេង យូអ៊ាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ក៏បានឧបត្ថម្ភថវិកាចំនួន២,០០០ដុល្លារ ក្នុងនោះប្រគេនព្រះសង្ឃគង់នៅវត្តសេរីរតនារាមអន្លង់សាគរ (ហៅវត្តអន្លង់តាអួរ) ចំនួន៥០០ដុល្លារ ឧបត្ថម្ភដល់ការដឹកជញ្ជួនចំនួន៦០០ដុល្លារ និងប្រគល់ជួនរដ្ឋបាលស្រុកចំនួន៩០០ដុល្លារ ផងដែរ។

ទោះជាយ៉ាងណា ក្នុងនាមប្រមុខខេត្ត លោក ងួន រតនៈ មិនភ្លេចឡើយដោយបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩។
គួរជំរាបផងដែរថា ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារខាងលើ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពមួយចំនួន និងសប្បុរសជនដែលមកពីក្រុមហ៊ុន អង្គការ ព្រមទាំងសប្បុរសជននៅក្នុង និងក្រៅប្រទេសផងដែរ៕











