ចេញផ្សាយ ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១
កំពត៖ បង្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន កូរ៉េ JNJ រហូតមកដល់ពេលនេះ កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ដែលធ្វើឲ្យពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។
ភាពធ្ងន់ធ្ងរនៃរឿងវិវាទដីធ្លីនេះ នៅបន្ទាប់ពីក្រុមហ៊ុន បានបង្កើនសកម្មភាព កាយក្រវ៉ាត់ព្រំ ហ៊ុំព័ន្ធយកដីរបស់ប្រជាពលរដ្ឋទាំងមានប័ណ្ណកម្មសិទ្ធិ និងដីអាស្រ័យផល ដែលពួកគាត់ខិតខំកាប់ឆ្ការ ដាំដំណាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយភាគីក្រុមហ៊ុនសំអាងថា ការកាយព្រំនេះ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងថាជាព្រំដីចាស់របស់ក្រុមហ៊ុន។
ទោះជាយ៉ាងណា បើតាមលោក ម៉ែន វណ្ណដា ដែលជាប្រជាពលរដ្ឋរងគ្រោះដីធ្លី ជាមួយក្រុមហ៊ុន JNJ ក្នុងចំណោមពលរដ្ឋ១០គ្រួសារ ស្ថិតនៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន JNJ បានជីកផ្តាច់ផ្លូវចេញចូល និងដឹកកសិផលរបស់ពួកគាត់ ដូចផ្តាច់ជីវិតរបស់ពលរដ្ឋលោកទាំងស្រុង ព្រោះតែមិនព្រមលក់ដីទៅឲ្យក្រុមហ៊ុន។
លោក ម៉ែន វណ្ណដា បន្តថា ពេលនេះក្រុុមហ៊ុន JNJ កាន់តែផ្គើនយ៉ាងខ្លាំង ធ្វើសកម្មភាព មិនគោរពតាមប្លង់មេឡើយ ដោយក្នុងប្លង់បានបង្ហាញយ៉ាងច្បាស់ថា ខាងកើតទល់ផ្លូវ ខាងលិចទល់ភ្នំ ដែលក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោចុះមកធ្វើការវាស់វែង ព្រមទាំងការចុះកាត់ឆ្វៀលដោយផ្ទាល់ពីសំណាក់អតីតអភិបាលខេត្តកំពត លោក ឃួយ ឃុនហួរ ផងដែរ។
លោកបន្តថា ក្រុមហ៊ុនចង់បានដីទាំងនេះ តែឲ្យតម្លៃទាបដល់ពលរដ្ឋ ដែលពួកគាត់មិនអាចទទួលយកបានឡើយ ព្រោះដីរបស់ពលរដ្ឋក្នុងម្នាក់១០ហិតា ទាំងដីមានប័ណ្ណកម្មសិទ្ធិ និងដីអាស្រ័យផល។ លោកថា ប្រសិនបើខាងក្រុមហ៊ុនឲ្យក្នុងតម្លៃមួយសមរម្យអាចទទួលយកបាន នោះពលរដ្ឋនិងលក់ជូនភ្លាម ដោយមិនចាំបាច់រងកម្មបែបនេះទេ។
ចំណែកលោក ទូច វណ្ណថន ដែលជាម្ចាស់ស្រុក រស់នៅលើដីភូមិចំការខាងលើ តាំងពីសម័យសមាហរណកម្មមក បានប្រាប់ដោយឈរកាន់បង្គោលរបងដែលជាភស្តុតាងកំណត់ព្រំដី ថា ក្នុងអំឡុងពេលដែលក្រុមនិស្សិតសម្តេចតេជោ ចុះមកធ្វើការវាស់វែង កាត់ឆ្វៀលដីឲ្យពលរដ្ឋ គឺបានកំណត់យ៉ាងច្បាស់ ដែលមានបង្គោលព្រំជាភស្តុតាងរវាងដីក្រុមហ៊ុន និងដីពលរដ្ឋ ដោយចាប់ពីក្រវ៉ាត់ព្រំខាងកើតជាដីរបស់ក្រុមហ៊ុន JNJ ចំណែកចាប់ពីក្រវ៉ាត់ព្រំខាងលិចជាដីរបស់ប្រជាពលរដ្ឋ ចាប់តាំងពីពេលនោះមកពួកគាត់រស់នៅមិនមានបញ្ហាអ្វីឡើយ រួមទាំងការបង្ករបង្កើនផលដំណាំផងដែរ ទើបតែនៅពេលថ្មីៗនេះ ក្រុមហ៊ុន JNJ ចាប់ផ្តើមធ្វើសកម្មភាពជីកក្រវ៉ាត់ព្រំ ព័ទ្ធយកដីរបស់ពួកគាត់តែម្តង។
ដូចគ្នានេះ លោក ទូច វណ្ណថន ក៏បានបញ្ជាក់បន្ថែមពីប្រវត្តិដីនេះថា មុនតំបូងឡើយនៃការចូលមករស់នៅរបស់លោក តាំងពីក្រោយសមាហរណកម្ម លោកបានស្នើសុំអតីតអភិបាលខេត្តកំពត លោក ឃួយ ឃុនហួរ ដោយផ្ទាល់សម័យនោះ សុំកាត់ឆ្វៀលដីចំនួន១០០ហិតា ដល់ពលរដ្ឋក្រីក្ររបស់ពួកលោក។
លោកបន្ថែមថា ក្រោយការឯកភាពរបស់អតីតអភិបាលខេត្ត ឃួយ ឃុនហួរ ពលរដ្ឋរបស់ពួកលោកបានកាប់ឆ្ការព្រៃ ដើម្បីដាំដំណាំដោយមិនមានបញ្ហាអ្វីឡើយ អាចនិយាយបានថា រូបលោកបានចូលមករស់នៅតំបន់ខាងលើ មុនក្រុមហ៊ុន JNJ ទៅទៀត។ ទើបតែចុងក្រោយនេះ ក្រុមហ៊ុន JNJ ដែលចូលមក នៅឆ្នាំ២០១១ ទើបតែធ្វើសកម្មភាពបំពាន និងធ្វើបាបពលរដ្ឋរបស់ពួកលោក ដោយការចរចារទិញដីមិនត្រូវថ្លៃគ្នា។
លោោក ទូច វណ្ណថន បញ្ជាក់ថា លោកនិងពលរដ្ឋដ៏ទៃផ្សេងទៀត ចូលមករស់នៅតំបន់នេះ តាំងមុនច្បាប់ភូមិបាលបង្កើត បើទោះបីជាដីខ្លះលោកមិនមានប័ណ្ណកម្មសិទ្ធិក្តី តែជាដីអាស្រ័យផលលើសពី៥ឆ្នាំទៅហើយ។
ដូចគ្នានេះ លោក ម៉ែន វណ្ណដា ជាថ្មីម្តងទៀត បានប្រាប់ឲ្យដឹងថា ពួកលោកមិនចង់ទុកដីនេះរស់នៅកាន់កេរ្តិ៍អ្វីទេ បើខាងក្រុមហ៊ុនចង់បាន ចរចារទិញលក់ក្នុងតម្លៃមួយដ៏សមរម្យទទួលយកបានទាំងអស់គ្នា មិនមែនក្នុងតម្លៃប័ណ្ណកម្មសិទ្ធិ៨ពាន់ដុល្លា និងដីអាស្រ័យផលគ្មានប័ណ្ណ៣ពាន់ដុល្លាក្នុងមួយហិតានោះទេ ដោយក្រុមហ៊ុនគួរតែគិតពីផលដំណាំរបស់ពួកលោកពេញដី និងការរស់នៅដោយលំបាកកាប់ឆ្ការយៈពេលជាច្រើនឆ្នាំមកហើយ ទម្រាំបានដូចបច្ចុប្បន្ន នេះនៅមិនទាន់គិតពីផលខូចខាតដំណាំ និងពេលវេលាដែលក្រុមហ៊ុនបំពានផង។
គួរជំរាបជូនថា ពលរដ្ឋដែលកំពុងមានបញ្ហាវិវាទដីធ្លី ជាមួយក្រុមហ៊ុន JNJ បច្ចុប្បន្នមានចំនួន១០គ្រួសារ ដែលក្នុងម្នាក់ៗមានប័ណ្ណកម្មសិទ្ធិមិនលើសពី៥ហិតា និងសរុបដីរួមក្នុង១គ្រួសារ ដីធំបំផុតតែជាង១០ហិតាប៉ុណ្ណោះ មានទាំងការកាប់ឆ្ការានថ្មី និងទិញបន្តពីពលរដ្ឋក្នុងភូមិ ដើម្បីពង្រីកដំណាំ ដូចជា ចន្ទី ចេក ខ្នុរ ដូង ស្វាយ ក្រូច ជាដើម។
ព្រមជាមួយគ្នានេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំង១០គ្រួសារ បានលើកគ្នាដាក់ពាក្យបណ្តឹងជូនលោកអភិបាលខេត្តកំពត ជាវ តាយ ឲ្យជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ផងដែរ ក្រោយពីក្រុមហ៊ុន JNJ កាន់តែធ្វើសកម្មភាពកាយព្រំហ៊ុំរបងព័ទ្ធយកដី និងលំនៅដ្ឋានរបស់ពួកគាត់អស់ទៅហើយ ដោយមិនស្តាប់តាមការហាមឃាត់របស់អាជ្ញាធរមូលដ្ឋានឡើយ និងនៅតែសំអាងថា ខ្លួនធ្វើនៅលើទីតាំងនៃព្រំចាស់តែប៉ុណ្ណោះ ដោយមិនបានកាយព្រំ បោះរបងហ៊ុំព័ទ្ធយកដីពលរដ្ឋដូចការចោទប្រកាន់ទេ។
យ៉ាងណាអាជ្ញាធរមូលដ្ឋាន នៃឃុំតេជោអភិវឌ្ឍន៍ ក៏ធ្លាប់ប្រាប់ឲ្យដឹងផងដែរថា ភាគីក្រុមហ៊ុនមិនត្រូវធ្វើទាំងបំពានដូចនេះទេ ដោយគួររងចាំគណៈកម្មការខេត្តចុះដោះស្រាយជាមុនសិន មុនបន្តសកម្មភាពរបស់ខ្លួន។
ដូចគ្នានេះ ប្រជាពលរដ្ឋទាំង១០គ្រួសារ ថាពួកគេនិងបន្តឡើងទៅតវ៉ាជាថ្មីម្តងទៀត នៅមុខសាលាខេត្ត កំពត ប្រសិនបើមិនមានដំណោះស្រាយពីលោកអភិបាលខេត្តដោយប្រការណាមួយ ឬអាចឈានដល់ការដាក់ញត្តិជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដល់គេហដ្ឋានរបស់លោកនារាជធានីភ្នំពេញតែម្តង៕












