ចេញផ្សាយ ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ប្រទេសកម្ពុជា លោក Patrick Murphy ។
បើតាមលោក កឹម សុខា ដែលបានបង្ហោះលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់លោកថា វាជាការចាប់ផ្តើមនៃឆ្នាំថ្មី បន្ទាប់ពីជួបតំណាងប្រទេសមហាអំណាចទ្វីបអឺរ៉ុបនៅដើមសប្តាហ៍ ថ្ងៃនេះ នៅគេហដ្ឋានរបស់លោក ដោយក្តីរីករាយដែលបានជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ដែលជាតំណាងប្រទេសមហាអំណាចជាមិត្តចាស់របស់កម្ពុជា ហើយដែលទើបតែមានប្រធានាធិបតីថ្មី រដ្ឋាភិបាលថ្មី ចូលកាន់តំណែង។
ក្នុងឱកាសនៃជំនួបនេះ លោក កឹម សុខា ក៏បានសម្តែងនូវការអបអរសាទរនិងជូនពរលោក ប្រធានាធិបតី Joe Biden ឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិក និងជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យក្នុងពិភពលោកដែលជាគុណតម្លៃរបស់សហរដ្ឋអាមេរិកផងដែរ។
លោក កឹម សុខា បន្តទៀតថា ក្នុងជំនួបនោះ ទាំងរូបលោក និងលោក Patrick Murphy បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក កន្លងមក និងទៅអនាគត ជាពិសេសសម្រាប់រដ្ឋបាលថ្មីរបស់អាមេរិក តើនឹងអាចមានអ្វីថ្មី? ហើយលោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក បច្ចុប្បន្ននិងសង្ឃឹមថាទៅអនាគត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សាភ្ជាប់ជីវភាពរស់នៅ និង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ។ ដោយឡែក លោក កឹម សខា ក៏បានអរគុណផងដែរ ដែលសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតមុនៗ ក៏ដូចជា Patrick Murphy ផ្ទាល់ ដែលទទួលស្គាល់ នូវគុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់លោក ដែលប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ ទោះបីរូបលោក មិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏លោក នៅតែខ្វាយខ្វល់ ទៅជួប និងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ តាមលទ្ធភាព និងឱកាសដែលអាចធ្វើបាន ដូចដែលសាធារណៈជន ក៏ដូចជាអ្នកការទូតនានាបានតាមដានឃើញស្រាប់៕