ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០
កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំក្រុមការងាររួម នឹង អាជ្ញាធរខេត្ត ស្រុក ឃុំ ព្រមទាំងសហគមន៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល បានចុះត្រួតពិនិត្យបរិស្ថាននៅតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពិលស្ថិតក្នុងភូមិក្ដុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ឃុំ និងសហគមន៍ទឹកធ្លាក់ស្រែអំពិល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ទេចរណ៍ខាងលើនេះឱ្យមានសោភ័ណភាពល្អ និងបរិស្ថានល្អ ដើម្បីបំរើសេវាកម្មជូនភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តយ៉ាងសប្បាយរីករាយ រួមផ្សំនឹងទេសភាពដ៏ស្រស់ត្រកាលគួរជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត។
ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញឱ្យសហគមន៍ទឹកធ្លាក់ធម្មជាតិស្រែអំពឹលមានការចិញ្ចឹមសត្វនៅក្នុងតំបន់ ដើម្បីដោះស្រាយជីវភាពគ្រួសាររបស់បងប្អូន៕



